“សួនកុមារសន្តិភាព” ក្រុងកំពង់ចាម សម្រេចការសាងសង់បានប្រមាណជាង ៧០% ហើយ


កំពង់ចាម ៖ដើម្បីបង្កើននូវសោភ័ណភាពទីក្រុងដែលមានវ័យចំណាស់មួយ ស្ថិតនៅស្រមតាមតាមបណ្ដោយដងទន្លេមេគង្គនាភូមិភាគឥសាន្តនៃប្រទេសកម្ពុជា គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកលេងកំសាន្ត និងឲ្យសាកសមជាទីក្រុងដែលធ្លាប់ទទួលបានជ័យលាភីរំដួលបីទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលកន្លងមក នឹងក៏ដើម្បីត្រៀមខ្លួនចូលក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខផងដែរនោះ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត -ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត -អាជ្ញាធរក្រុងកំពង់ចាម -តំណាងដៃគូអភិវឌ្ឍន៍ រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់ “សួនកុមារសន្តិភាព” មានទីតាំងស្ថិតនៅទល់មុខសាលាខេត្តកំពង់ចាម ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណជាង៧០% ហើយ ។