អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ លោកស្រីប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម


កំពង់ចាម ៖នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត -សមាជិកក្រុមប្រឹក្សាខេត្ត -ថ្នាក់ដឹកនាំមន្ទីរអង្គភាព -មន្រ្តីរាជការសាលាខេត្ត -កងកម្លាំងទាំងបីប្រភេទ រួមនិងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធ លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមចូលរួម សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ថ្នាក់ដឹកនាំដ៏មានសមត្ថភាព និងប្រជាប្រិយភាពមួយរូបដែលទទួលបន្ទុកកិច្ចការនារីថ្នាក់ខេត្ដ ។ ហើយការបាត់បង់លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ជាការបាត់បង់ធនធានមនុស្សដ៏កម្រសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ -ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកស្រីប្រធានមន្ទី សូមបានទៅ សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។