ដើម្បីជួយសម្រួលដល់ជីវភាពមន្ត្រីរាជការ ដែលកំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានកូវីដ ១៩ មកនោះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ អមដំណើរដោយ ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្ត ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។
ឯកឧត្ដម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ផ្អែកទៅតាមស្ថាន នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) មានការផ្ទុះខ្លាំង នៅប្រទេសជិតខាង និងបានរាលដាល ចូលមកដល់ខេត្តមួយចំនួន នៅជាប់ព្រំដែនកម្ពុជា ក្នុងនោះ ខេត្តកំពង់ចាមយើង ក៏បានរកឃើញមេរោគបំលែងថ្មីនេះ ផងដែរ ។ ដូច្នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជា ប្រជាពលរដ្ឋយើងទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ នៅក្នុងអង្គភាពនីមួយៗ ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំង អស់ សូមថែទាំសុខភាព តាមរយៈ ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ជៀសផុតពីការឆ្លងជម្ងឺ ដ៏កាចសាហាវនេះ ទៅក្រុមគ្រួសារ ក៏ដូចជា ទៅក្នុងសហគមន៍ ផងដែរ ៕ នាឱកាសនោះដែរ លោកស្រី សម ផល្លា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់មន្រ្តីរាជការ ។ ជាក់ស្ដែង ពេលនេះ ឯកឧត្ដម និងក្រុមការងារ ក៏បាននាំមកនូវគ្រឿងឧបភោគ បរិភោគ មកផ្ដល់ជូន រួមទាំង ការជួយផ្គត់ផ្គង់ជាអាហារ ចំនួន ៣ពេល ក្នុងមួយថ្ងៃ នាអំឡុងពេលមន្ត្រីយើង កំពុងធ្វើចត្តាឡីស័ក ក្នុងរយៈពេល ១៤ថ្ងៃ ផងដែរ ។
សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ដែលឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ នាំមមកចែកជូនមន្ត្រីកំពុងជាប់ចត្តាឡីស័ក ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម និងមី ១កេស ។ ចំពោះ មន្ទីរផ្ទាល់ មានទឹកសុទ្ធ ចំនួន ១០កេស ជែល ១កេស និងម៉ាស ១.០០០ម៉ាស សម្រាប់មន្ត្រីប្រើប្រាស់ ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានអញ្ជើញពិនិត្យស្ថានភាពមន្ត្រី ជាពិសេស ទីកន្លែងធ្វើការ របស់មន្ត្រីរាជការ ដែលកំពុងបំពេញការងារស្នូល ទៅតាមជំនាញរៀងៗខ្លួន សម្រាប់មន្ទីរព័ត៌មាន ខេត្តកំពង់ចាម ផងដែរ ។
គួរកត់សម្គាល់ដែរថា មកដល់ពេលនេះ មន្ត្រីរាជការនៅក្នុងមន្ទីរ អង្គភាព ចំនួន ៤ ហើយ ដែលបានប៉ះពាល់ដោយព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ក្នុងនោះ មាន ៖ មន្ទីរផែនការខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។ ជាមួយនោះ អ្នកដែលបានឆ្លងជម្ងឺកូវីដ ១៩ ក៏ត្រូវបានអង្គភាពនីមួយៗ បញ្ជូនទៅសម្រាកព្យាបាល ជាបន្តបន្ទាប់ ។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក៏តម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមអង្គភាពសាមី ផងដែរ ៕