ឯកឧត្ដម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានអញ្ជើញជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័នៅតាមផ្ទះ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ចំនួន ៣០គ្រួសារ


នៅព្រឹថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័នៅតាមផ្ទះ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ចំនួន ៣០គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពំានាំប្រសាសន៍ការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ដែលជានិច្ចការឯកឧត្តមអភិបាលខេត្តតែងបានគិតគូរពីសុខទុក្ខរបស់បងប្អូនដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព និងរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ ឯកឧត្តម បានគូសបញ្ចាក់ថា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោនាយមន្ត្រី បានផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។ មកដល់ពេលនេះ ខេត្តកំពង់ចាម យើងបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានទាំង១០ក្រុង-ស្រុក ហើយក្នុងនោះស្រុកជើងព្រៃ បានចាក់វ៉ាក់សាំងទាំងពីរលើកចប់សពគ្រប់ហើយដែរ។ ទន្ទឹមនឹងនេះ បើទោះបីអ្នកដែលបានចាក់វ៉ាក់សាំង រួចហើយ ក៏មិនត្រូវភ្លេចខ្លួន និងត្រូវអនុវត្តតាមវិធាន «៣កុំ ៣ការពារ» ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកស្វែងរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

គួរបញ្ចាក់ថា អំណោយរបស់រដ្ឋបាលខេត្តជូនដល់គ្រួសារទាំង៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ០១កេស, ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ម៉ាស់ ១ដុំ (១០ម៉ាស់) ថវិកា ២០ ០០០រៀល៕