នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត, នាយករដ្ឋបាល, និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរចំនួនបី រួមមាន: មន្ទីរផែនការ-មន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្ម ដែលពួកគេកំពុងធ្វើចត្តាឡីស័កនៅតាមមន្ទីររាងៗខ្លួន បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ចាក់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) ក៏មានសន្ទុះខ្លាំងនៅប្រទេសជិតខាង និងបានរាលដាលមកដល់ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមយើងនាពេលថ្មីៗនេះក៏បានរកឃើញមេរោគបំលែងថ្មី ចំនួន០៣ នាក់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងបីមន្ទីរខាងលើដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយនឹង សូមថែរក្សាសុខភាពឲ្យបានល្អ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ និងត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ក៏ដូចជាវិធានការ« ៣ការពារ និង៣កុំ» ដើម្បីជៀសផុតពីជំងឺដ៏កំណាចមួយនេះ។
ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការ បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងបីមន្ទីរខាងលើសរុប ៦៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន:
-អង្ករ ២៥គក្រ, មី ១កេស
-ទឹកបរិសុទ្ធ ១០កេស (សម្រាប់ ១មន្ទីរ)
-ជែល ១កេស (សម្រាប់ ១មន្ទីរ)
-ម៉ាស ១,០០០ម៉ាស (សម្រាប់ ១មន្ទីរ)៕