កំពង់ចាម៖ ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំផែនជំនាញមួយចំនួននៃក្រុមការងារយុវជនគណបក្សខេត្ត ដើម្បីចូលរួមប្រជុំ តាមប្រព័ន្ធអនឡាញ (Zoom) ជាមួយផ្នែករាជធានី ខេត្ត នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ ប្រធានផ្នែករាជធានី ខេត្ត នៃ យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីពិភាក្សាការងារ រវាងផ្នែករាជធានី ខេត្ត និងផ្នែកពាក់ព័ន្ធនៃ យ.គ.ក ជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានី ខេត្ត ។
ថ្នាក់ដឹកនាំក្រុមការងារយុវជនដែលបានអញ្ជើញចូលរួមជាមួយលោក ស្រី សុភ័ក្ត្រ ផងដែរ រួមមាន ឯកឧត្តម ហ៊ាង ស៊ីណេ អនុប្រធានទទួលបន្ទុក ផែនឃោសនាអប់រំ ផែនបណ្តុះបណ្តាល និងផែនសិល្បៈ កីឡា លោក សុខ ស្រ៊ុន អនុប្រធានទទួលបន្ទុកផែនក្រៅប្រព័ន្ធ ឯកឧត្តម ដួង សុផាត អនុប្រធានទទួលបន្ទុកផែនកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងផែន ផែនការ និងរបាយការណ៍ ។ ក្នុងនោះផងដែរ ផែននីមួយៗនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដែលត្រូវបានដឹកនាំចូលរួមកិច្ចប្រជុំ រួមមាន៖ ផែនកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ ផែន ផែនការ និងរបាយការណ៍ ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ផែនឃោសនាអប់រំ ផែនបណ្តុះបណ្តាល និងផែនក្រៅប្រព័ន្ធ ។
កិច្ចប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល និងមានការឆ្លើយឆ្លងគ្នាយ៉ាងសកម្ម សិក្សាស្វែងយល់ តួនាទី ភារកិច្ច ច្បាស់លាស់ ដើម្បី ប្រសិទ្ធភាព និងប្រសិទ្ធផល ការងាររួម សម្រាប់គណបក្ស ដើម្បីពង្រឹងភាពឈ្នះ គ្រប់សមរភូមិ ។ ឆ្លៀតក្នុងឱកាសនោះផងដែរ អង្គប្រជុំបានលើកទឹកចិត្ត ជំរុញការអនុវត្តតួនាទីភារកិច្ច ច្បាស់លាស់ ក្នុងការងារយុវជនគណបក្សនៅទូទាំងប្រទេស ទោះក្នុងកាលៈទេសៈ កូវីត-១៩ ក្តី ដើម្បីឈានឆ្ពោះទៅរកភាពឈ្នះក្នុងគ្រប់សមរភូមិបោះឆ្នោត។
ជាមួយគ្នាក៏មិនត្រូវភ្លេចផងដែរ ក្នុងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ អនុវត្តវិធានការ សុខាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីរក្សាសុខភាពល្អក្នុងក្រុមការងារយុវជនយើងនៅគ្រប់ទីកន្លែងទាំងអស់ ដែលជាធនធានមិនអាចខ្វះបាន ។