លោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុកប្រជុំបន្ទាន់ផ្សព្វផ្សាយសេចក្តីសម្រេច លេខ ២២៤ ស.ស.រ របស់រដ្ឋបាលខេត្តកំពង់ចាម


កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ លោក សំពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំកិច្ចប្រជុំបន្ទាន់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចំការលើ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខៈ២២៤/២១ ស.ស.រ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ។

ក្នុងកិច្ចប្រជុំ លោក សំ ពិសិដ្ឋបានដាក់ចេញនូវវិធានការដូចខាងក្រោម ៖
-គ្រប់ឃុំទាំង8 ក្នុងស្រុកចំការលើ ត្រូវចុះផ្សព្វផ្សាយតាមទីប្រជុំជន ផ្សារ ភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ ចាប់ពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តទៅ។
-កម្លាំងសមត្ថកិច្ចដែលជានគរបាលយុត្តិធម៌ ត្រូវអនុវត្តឲ្យបាន តាមវិធានការរបស់ គណៈបញ្ជាកាឯកភាពររដ្ឋបាលខេត្តកំពង់ចាម និងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីធានាឲ្យបាននូវការគោរព និងអនុវត្តវិធានការសុខាភិបាល សំដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងការប្រកាន់ភ្ជាប់នូវវិធានការ “៣ការពារ ៣កុំ”។ នគរបាលយុត្តិធម៌ ត្រូវតែហ៊ានអនុវត្តច្បាប់ ចំពោះបុគ្គលដែលមិនគោរពនូវវិធានការច្បាប់។

-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្រូវរៀបចំទីតាំងចាក់ថ្នាំវ៉ាក់សាំងបន្តជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុក និងត្រៀមរកទីកន្លែងធ្វើមណ្ឌលចត្តាឡីស័កថ្មីក្រៅពីសាលារៀន សម្រាប់ដាក់ពលករមកពីក្រៅប្រទេស។
-រដ្ឋបាលស្រុក រៀបចំឯកសារបង្កើតអនុគណៈកម្មការអនុវត្តច្បាប់ និងបង្កើតក្រុមគ្រូពេទ្យសម្រាប់ព្យាបាលតាមផ្ទះ។

សមាសភាពចូលរួមសរុបចំនួន៣៥នាក់ (ស្រី០៤នាក់)។