នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦ នៅមាត់ទន្លេ “កំពង់រង់ចាំ” ដែលជាកន្លែងប្រារព្វពិធីបុណ្យទន្លេ មានប្រារព្វពិធីក្រុងពាលីយ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ នៃខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រមទាងប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ បន្ទាប់ពីពិធីបួងសួង សុំសេចក្ដីសុខ សេចក្តីចម្រើន ពីម្ចាស់ទឹកម្ចាស់ដី ព្រះម៉ែគង្គាររួចមក ក្នុងឱកាសនោះ ក៏មានពិធីបណ្ដែតប្រទីប និងមានការប្រគុំតន្ត្រីជូនដល់ប្រជាជនទស្សនាកំសាន្តយ៉ាងសប្បាយរីករាយ ។
នៅពេលរាត្រី គេសង្កេតឃើញ មានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ កាន់តែច្រើនកុះករណែនណាន់តាន់តាប់ នៅគ្រប់ដងផ្លូវ ចូលរួមកំសាន្ត ទស្សនាភ្លើងពណ៌ ពិពណ៌ទំនិញ និងសិល្បៈ ប្រកបដោយការសប្បាយរីករាយ ។ រីឯសមត្ថកិច្ចគ្រប់ផ្នែករបស់ខេត្តកំពង់ចាម ក៏បានបង្កើនស្មារតីទទួលខុសត្រូវ ប្រកបដោយការលះបង់ខ្ពស់ ក្នុងកិច្ចការពារសុវត្ថិភាព និងសណ្ដាប់ជូនដល់ប្រជាជនយើង ។