កំពង់ចាម ៖ នៅរសៀលថ្ងៃ សុក្រ ១៤កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្រ្ត សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារ លើគោលការណ៍ណែនាំរួម សម្រាប់ការរៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ នៅមូលដ្ឋានក្រុង/ស្រុក ទូទាំងខេត្តកំពង់ចាម ។
អង្គប្រជុំ បានធ្វើការពិភាក្សា ឆ្លើយឆ្លងគ្នាយ៉ាងផុសផុល សំដៅរៀបចំគោលការណ៍រួមមួយដែលមានប្រសិទ្ធភាពការងារ មានរបៀបរៀបរយ និងសង្គតភាព ។ ក្នុងផងដែរ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នឹងធ្វើការសំយោគ ផែនជំនាញមួយចំនួន តម្រូវទៅតាមសេចក្តីត្រូវការជាក់ស្តែងរបស់មូលដ្ឋាន ក្រុង/ស្រុក ដើម្បីប្រសិទ្ធភាពការងារ និងការអនុវត្ត តួនាទី ភារកិច្ច របស់យុវជនគណបក្សក្រុង/ស្រុក ទូទាំងខេត្ត ៕