ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម នដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ០៦គ្រួសារ រស់នៅឃុំព្រែកកក់


កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ០៦គ្រួសារ រស់នៅឃុំព្រែកកក់ ២ភូមិ មាន ៥គ្រួសារ (ភូមិអូរប្រាំទី១ ចំនួន ៤គ្រួសារ- ភូមិអណ្តូងស្វាយ ចំនួន ១គ្រួសារ ) និងនៅឃុំដងក្តារ ១ភូមិ( ភូមិហុងប្រម៉ា) ចំនួន ១គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦ខ្នង ក្នុងភូមិអូរប្រាំទី១-ភូមិអណ្តូងស្វាយ ឃុំព្រែកកក់ និង ក្នុងភូមិហុងប្រម៉ា ឃុំដងក្តារ ត្រូវ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតស្រាល ។

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម ប្រធាន គណះកម្មាធិការសាខា បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ក្នុងរដូវវស្សា នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាលទាំង ៦គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖

អង្ករ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ- ឃីត ១សម្រាប់ និង ថវិកា ១០០,០០០ រៀល ៕