កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន៤ ក្នុងឃុំចំនួន២ រួមមាន វត្តសំរិទ្ធជ័យ ហៅវត្តខ្នារ វត្តជយោរាម ហៅវត្តស្តើងជ័យ ឃុំស្តើងជ័យ វត្តឧទុម្ពរ ហៅវត្តទំពរ និងវត្តពោធិរតនារាម ហៅវត្តស្អាង ស្ថិតក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៧ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ធិត បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសបុព្វបុរស វិរៈជន កម្មាភិបាល និងយុទ្ធជនស្នេហាជាតិ។
ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត សហការី ព្រមទាំងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចវេប្រគេនចង្ហាន់ រួមទាំងទេយ្យទានក្នុង១វត្តៗទទួលបាន អង្ករ ១០០kg ទឹកផ្លែឈើ៥កេស ទឹកសុទ្ធ៥កេស ត្រីខកំប៉ុង ១កេសធំ មីម៉ាម៉ា១កេសធំ និងបច្ច័យកសាងវត្តចំនួន ២.៨០០.០០០រៀល ដល់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី៧នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ក៏បានប្រគេន និងជូនបច្ច័យដល់ព្រះចៅអធិការ ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទ កម្លាំងប៉ូលីស និងប្រជាការពារផងដែរ៕