កំពង់ចាម ៖ លោក ទុន ណេត អតីតអភិបាលស្រុកស្ទឹងត្រង់ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម រីឯ លោក ប៊ិន ឡាដា និងត្រូវផ្លាស់ទៅកាន់មុខតំណែងជាអភិបាលស្រុកស្រីសន្ធរ។
ពិធីប្រកាសនេះធ្វើឡើងនៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ លោកអភិបាលស្រុកកំពង់សៀមទើបឡើងកាន់តំណែង សូមឱ្យពង្រឹងខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពោលគឺ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសូមរដ្ឋបាលស្រុក ធ្វើការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកបំពេញបន្ថែមមន្ត្រី ដើម្បីរងចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ជាមួយគ្នានេះ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។
ទន្ទឹមនិងនោះ លោកអភិបាលស្រុកថ្មីនេះ ត្រូវបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាន នៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី ។ ចំពោះការអភិវឌ្ឍន៍ត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកបាធាយនេះ ឱ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតក្នុងអាណត្តិរបស់ខ្លួន ៕