ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ របបកាប់សំលាប់ដ៏សាហាវព្រៃផ្សៃនោះទេក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលកំពុងធ្វើសកម្មភាពដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ ក៍គ្មានឱកាសជាន់ទឹកដីកម្ពុជាដើម្បីធ្វើនយោបាយនោះដែរ “
នេះជាការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាជន និងមន្ត្រីរាជការប្រមាណជាង២.០០០នាក់នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៦ ដែលពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងធម្មការ ឯកឧត្តម មិន ឃិន និង ឯកឧត្តម លន់ លឹមថៃអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការនៃក្រសួងការបរទេសផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក មឿន ផា អភិបាលស្រុកកងមាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ថ្ងៃជ័យជម្នះ៧មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះប្រជាជាតិ អោយរស់ឡើងវិញ ហើយបានស្ថិតឋេរ គង់វង្ស និងរីកចម្រើន ដល់បច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងនេះថា “បើគ្មានរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទេ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពតដែរ បើគ្មានរបបប្រល័យពូជសាសន៍ ក៏គ្មានជ័យជម្នះ៧ មករា ហើយបើគ្មានថ្ងៃ ៧ មករា ១៩៧៩ នោះក៏គ្មានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះឡើយ”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ទៀតថា “៧ មករា ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា។ ៧ មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ប៉ុលពត។ មានតែអ្នក ស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងថ្ងៃ៧ មករា។
រយៈពេល៣៧ឆ្នាំកន្លងទៅ ផ្តើមចេញពីជ័យជម្នះ៧ មករា កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរ សង្គមយ៉ាងធំធេង ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដីទៅជាប្រជាជាតិមួយ ដែលមានសុខសន្តិភាព សេរីភាព ឯកភាព ស្ថេរភាព អភិវឌ្ឍន៍លើគ្រប់វិស័យហើយជីវភាពរបស់ប្រជាជន ត្រូវបាន លើកកម្ពស់ឥតឈប់ឈរ”។
តាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អះអាងថា ទោះបីនៅមានក្រុមអ្នកនយោបាយ និងមជ្ឈដ្ឋានអគតិមួយចំនួនព្យាយាមមូលបង្កាច់ឥតឈប់ឈរនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃ ៧ មករា ក៏ពួកគេពុំអាចធ្វើអោយសភាពការណ៍កម្ពុជាផ្លាស់ប្តូរបានឡើយ ព្រោះថា ៧ មករា គឺជារបស់ប្រជាជនហើយអ្វីៗដែលពួកគេបានធ្វើ គឺផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។ធាតុពិតនៃប្រវត្តិសាស្ត្របានបញ្ជាក់ហើយថា បើគ្មាន ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ទេ ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលកំពុងធ្វើសកម្មភាពស្រែកក្តែងៗ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនោះ ក៍គ្មានឱកាសជាន់ទឹកដីកម្ពុជាដើម្បីធ្វើនយោបាយដែរ។
ជាមួយនិងការលើកឡើងពីប្រវត្តិសាស្ត្រពិតនៃប្រទេសកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងផងដែរពីការវិវត្តន៍ដ៏ល្អនៃសភាពការណ៍នយោបាយ សន្តិសុខ និងស្ថេរភាព នៅទូទាំងប្រទេស។ ជាពិសេសសមិទ្ធិផលសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន។