អបអរសាទរ​ លោកស្រី​ ផេង​ សឿន​ អ្នកស្រុកចំការលេី​ ខេត្តកំពង់ចាម​ ទទួលរង្វាន់ចាក់វ៉ាក់សាំង​ លេខរៀងទី​៦លាន​ ពីសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ចំនួន​ ១០លានរៀល


កំពង់ចាម៖ ស្ត្រីវ័យ៦៧ឆ្នាំ ឈ្មោះ ផេង សឿន ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់ជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៦លាន បានទទួលរង្វាន់លើកទឹកចិត្ត ចំនួន១០លានរៀលពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ កក្កដានេះ។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់ស្ត្រីអាយុ៦៧ឆ្នាំ ឈ្មោះ ផេង សឿន ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលទទួលបាន រង្វាន់ជ័យលាភីពីសម្តេចតេជោ ដើម្បីបង្ក្រាប់ លេខរៀងប្រាំមួយលាននាក់ ស្មើនឹង៦០ភាគរយនៃប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបទូទាំងប្រទេស ប្រមាណ ១០លាននាក់។

 

គូសបញ្ជាក់ដែរថា ស្ថានភាពជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ស្រី ២.១៧៤នាក់ ជាសះស្បើយ ២.៣៣៥នាក់ ស្រី ១.៦៨០នាក់ និងករណីស្លាប់ ៦១នាក់ ស្រី ៤០នាក់។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់ ស្រី ៤៥៤នាក់ ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ខេត្តកំពង់ចាម ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការ ជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ ៖ លើកទី១ បានចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ ក្នុងដូសទី១ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក ក្នុងដូសទី១ ដែលរហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ជាមួយនោះ ក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃយ៉ាងមាញឹក ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម