រដ្ឋបាលសាលាស្រុកចំការលើបានធ្វើតេស្តរហ័សលើកទី២ រកវីរុសកូវីដ-១៩ ចំពោះមន្រ្ដីរាជការទាំងអស់


កំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ខេត្តកំពង់ចាម រួមនឹងលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំ លោក លោកស្រី សមាជិកសមាជិកា ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៃរដ្ឋបាលសាលាស្រុកចំការលើ កងកម្លាំងទាំងបី និង អ្នកអនាម័យ ដើម្បីធ្វើតេស្តរហ័សលើកទី២(Rapit Test II) ។

ការធ្វើតេស្តរហ័សលើកទី២នេះ មានមន្ត្រីរាជការ ក្របខណ្ឌ និងជាប់កិច្ចសន្យា ក្រោមឱវាទរដ្ឋបាលសាលាស្រុកចំការលើ ចំនួនសរុបចំនួន១២៦នាក់ ។ ជាលទ្ធផល ទទួលបានលទ្ធផលវិជ្ជមានចំនួន ០១នាក់ ឈ្មោះ អ៊ុយ ណារាម ភេទស្រី (អ្នកអនាម័យនៅសាលាស្រុក) ហើយក្រុមមន្ត្រីជំនាញសុខាភិបាលស្រុកចំការលើ បានបញ្ជូនសាមីខ្លួនឆ្ពោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីធ្វើការព្យាបាល។

ក្រុមមន្ត្រីជំនាញសុខាភិបាល កំពុងធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ។