កំពង់ចាម៖ កាលពីថ្ងៃសៅរ៍៨កើត ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ
លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធបានថ្នាក់ដឹកនាំក្រុមការងាររដ្ឋបាលសាលាស្រុក ដែលមានលោកអភិបាលរងស្រុក មេបញ្ជាការអាវុធហត្ថស្រុក អធិការនគបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ក្រុមការងារយុវជន ស.ស.យ.ក ស្រុក និងអាជ្ញាធរមូលដ្ឋានឃុំ អញ្ជើញជួបសំណេះសណាល ជាមួយប្រជាពលរដ្ឋដែលបានអញ្ជើញមក ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅទីតាំងចំនួន៣ គឺ មណ្ឌលអនុវិទ្យាល័យប្រាំយ៉ាម មណ្ឌលអនុវិទ្យាល័យទងត្រឡាច និងមណ្ឌលបឋមសិក្សាស្វាយខ្សាច់ភ្នំ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃនឹងអាល់កុល ការរក្សាគម្លាតសុវត្តិភាពបុគ្គល រក្សាគម្លាតសង្គម និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
ជាមួយគ្នាលោកអភិបាលស្រុកក៏បាននាំមកនូវ អំណោយរបស់ក្រុមការងារចុះជួយឃុំនិងលោកផ្ទាល់ជូនដល់មណ្ឌលចាក់វ៉ាក់សាំង មានរាយដូចខាងក្រោម ÷
-អំណោយរបស់ ឯកឧត្តម លូ គឹមឈន់ តាមរយៈ លោក មិន សីហា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំប្រាំយ៉ាម មានអាកុល ២កាន ,ទឹកសុទ្ធ១០កេស បាកាស១០កេស ជូនមណ្ឌលចាក់វ៉ាក់សាំង អនុវិទ្យាល័យ ប្រាំយ៉ាម ។
-អំណោយផ្ទាល់របស់លោកអភិបាលស្រុក រួមមាន៖ ទឹកសុទ្ធ ៥ កេស ជូនមណ្ឌលចាក់វ៉ាក់សាំងអនុវិទ្យាល័យទងត្រឡាច, មី២កេស ;ទឹកសុទ្ធ៥ កេស អង្ករ៥០គីឡូក្រាម និងថវិកា២០ម៉ឺនរៀល ជូនក្រុមគ្រូពេទ្យ ឯកឧត្តម ហ៊ុន ណេង សមាជិកនៃរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌល ចាក់វ៉ាក់សាំង សាលាបឋមសិក្សាស្វាយខ្សាច់ភ្នំ និង
ទឹកសុទ្ធ ៥កេស មី០១កេស ជូនដល់ ក្រុមការងារ មណ្ឌលចាក់វ៉ាក់សាំង ទាំង១២មណ្ឌលនៅក្នុងស្រុកស្រីសន្ធរ ។
គិតត្រឹមថ្ងៃនេះ រដ្ឋបាលស្រុកស្រីសន្ធរ បានដឹកនាំក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងកូវីដ19 ជូនប្រជាពលរដ្ឋនៅទូទាំងស្រុកចំនួន ១២ មណ្ឌល ដែលមានប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពាជំងឺកូវីដ១៩ បានចំនួន ៣៤៨២នាក់ (ស្រី១៨៥១នាក់) បូកយោងបានចំនួន១២៦១៤នាក់ (ស្រី ៦៥៤០នាក់) ។