ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីប្រកាសបើក យុទ្ធនាការលើកទី ៣ ចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


 

កំពង់ចាម៖  នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ទី ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណនី អភិបាលរង​នៃគណៈអភិបាលខេត្តកំពង់ចាម  ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ លើកទី៣ នៃការចាក់វ៉ាក់សាំងបង្ការ ការពារ ជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ នៅក្នុងក្របខណ្ឌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេង វណ្ណនី ក៏បានពាំនាំពាក្យសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ ផងដែរ ។  នៅក្នុងកាលៈទេសៈ ប្រកបដោយ ហានិភ័យនៃការឆ្លងរីករាលដាល ជំងឺកូវីត ១៩ នេះ  ឯកឧត្តម ក៏បានជំរុញ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ អោយរួចផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ តាមរយៈការអនុវត្ត វិធានការក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ វិធានការ ៣កុំ ៣ការពារ និង សូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ។