គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បញ្ចូលសមាជិកថ្មី ចំនួន ១,៤២៣នាក់ មកពីសង្កាត់សំបួរមាស និងសង្កាត់បឹងកុក


ក្រុងកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មី ចំនួន ១,៤២៣ នាក់ មកពីសង្កាត់សំបួរមាស ចំនួន ៧១២ នាក់ និង សង្កាត់បឹងកុក ចំនួន ៧១២ នាក់ ដែលធ្វើឡើងនៅសាលាប្រជុំសរសរ ១០០ សម្តេចតេជោ សួនក្រញូង ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អុិត ប្រាំង សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមួយដ្ឋានក្រុងកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត/ក្រុង ក្រុមការងារចុះជួយក្រុង/សង្កាត់ មន្ត្រីគណបក្ស និងសមាជិកសមាជិកាថ្មី ប្រមាណជា ១,៥០០នាក់។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកថ្មី ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសមាជិកថ្មី ដែលបានសម្រេចដ៏ត្រឹមត្រូវមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕