អំណោយសង្គ្រោះបន្ទាន់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ៥០គ្រួសារ នៅឃុំសណ្ដែក ស្រុកបាធាយ


ស្រុកបាធាយ៖នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសណ្ដែក អញ្ជើញនាំអំណោយសង្គ្រោះបន្ទាន់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ៥០គ្រួសារ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមរបាយការណ៍ របស់ លោក ផេន សុផល អភិបាលស្រុកបាធាយ ឲ្យដឹងថា កាលពីវេលាម៉ោង ១៥.៣០នាទី រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ មានភ្លៀងធ្លាក់ លាយឡំ ជាមួយខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋមួយចំនួន ដូចជា ៖ រលំផ្ទះ របើកក្បឿង របើកស័ង្កសី ធ្លាក់ជើងទ្រនាប់ នៅភូមិពោធិ៍ស្ទាង និងភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ។ ជាមួយនោះ ខ្យល់កន្ត្រាក់បាន ធ្វើឲ្យរងផលប៉ះពាល់ចំនួន ៥០គ្រួសារ ករណីធ្ងន់ចំនួន ០៦គ្រួសារ និងករណីស្រាលចំនួន ៤៤គ្រួសារ ។ ដោយឡែក បន្ទាប់ពីទទួលរបាយការណ៍ ខាងលើនេះ អាជ្ញាធរឃុំ និងសហការី បានចុះដល់ខ្នងផ្ទះគ្រួសាររងផលប៉ះពាល់ និងជូយរៀបចំរុះរើ សាងសង់ទីជម្រកបណ្ដោះអាសន្ន ជូនគ្រួសាររងគ្រោះ ព្រមទាំង រាយការណ៍ ជូនថ្នាក់ដឹកនាំ ផងដែរ ។

នាឱកាសនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ប្រជាពលរដ្ឋនៅក្នុងស្រុកបាធាយ និយាយរួម និងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋ ទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ នាពេលនេះ ។ ពីព្រោះថា គ្រោះធម្មជាតិនេះ យើងម្នាក់ៗ មិនអាចដឹងមុននោះឡើយ ។ ហេតុដូច្នេះ សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បី ជៀសវាងការរងគ្រោះដោយយថាហេតុណាមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់អាយុជីវិត ។

ទន្ទឹមនឹងនោះដែរ គណៈអធិបតី ក៏បានផ្តាំផ្ញើ និងផ្ដល់ការលើកទឹកចិត្ត ដល់បងប្អូនត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលកសិកម្ម និងប្រកបរបរទទួលទាន ទៅតាមលទ្ធភាព ដើម្បី ជីវភាពគ្រួសារ ។

សូមជម្រាបថា អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង ៥០គ្រួសារ មាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ តង់ ០១ និងថវិកា ១៥ម៉ឺនរៀល ។ ដោយឡែក គ្រួសាររងគ្រោះរលំផ្ទះទាំងស្រុង ចំនួន ០៥គ្រួសារ ក្នុង ១គ្រួសារៗ ទទួលថវិកា ៣០ម៉ឺនរៀល ៕