អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន


រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត មានសេចក្តីក្រៀមក្រំ និងសោកស្តាយ អាឡោះអាល័យជាពន់ពេក ក្រោយទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានទទួលមរណភាព នៅថ្ងៃចន្ទ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០ នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕