ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត អញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណ្ឌភ្នំទែតក្នុង ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


ស្រុកចំការលើ៖នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណ្ឌភ្នំទែតក្នុង ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


តាមរបាយការណ៍របស់លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ថ្លែងឲ្យដឹងថា ស្រុកមានវត្ត៣២វត្ត និងអាស្រមចំនួន០១កន្លែង មានព្រះសង្ឃចំនួន៥៧២អង្គ ក្នុងនោះមានព្រះភិក្ខុ ១១៨អង្គ ព្រះសាមណេរ ៤៥៤អង្គ ដោយឡែកនៅក្នុងវត្តគិរីសោភ័ណ្ឌភ្នំទែតក្នុង ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បានចាប់ផ្ដើមកសាងឡើងវិញក្នុងឆ្នាំ១៩៨២ នាពេលនោះសមិទ្ធិផលនានាត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ ក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តព្រះនាម ម៉េង និងសប្បុរសជននានា រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត រួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងបានកសាងបានសមិទ្ធិផលជាហូរហែរហូតមកដល់សព្វថ្ងៃ។ ដោយឡែកនាពេលនេះសមិទ្ធផលដែលត្រូវដាក់សម្ពោធអោយប្រើប្រាស់រួមមាន ស្ពានដែលមានរចនាបទរូបនាគ ប្រវែង១១២.៨ម៉ែត្រ ឧបដ្ឋានសាលា ស្រះទឹក ចំនួន០២ផ្លូវជុំវិញភ្នំទែតស្រី និងភ្នំទែតប្រុស ប្រវែង២.៦២០ម៉ែត្រ កុដ្ឋឈើលើក្រោមថ្ម បន្ទប់ទឹកចំនួន០៨ បន្ទប់ ដែលចំណាយថវិកាសរុបចំនួនជិត៨១ម៉ឺនដុល្លារ និង៥៩លានរៀល ។


ឯកឧត្តម ហ៊ុន ម៉ានិត ថ្លែងលើកឡើងសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណ្ឌភ្នំទែតក្នុង ស្ថិតនៅស្រុកចំការលើ ចំណាយថវិកាជិត៨១ម៉ឺនដុល្លារ
និង៥៩លានរៀលការលើកឡើងបែបនេះ ក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លង សមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណ្ឌភ្នំទែត ស្ថិតក្នុង ឃុំបុសខ្នុល ស្រុកចំការលើ ខេត្តកំពង់ចាម។


ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។
ឯកឧត្តម ហ៊ុន ម៉ានិត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសខ្មែរយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ដឹកនាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគ្រប់ៗអាណត្តិផងដែរ ៕