កំពង់ចាម៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជូបសំណេះសណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ចំនួន ៣៦០គ្រួសារ ក្នុងស្រុកជើងព្រៃ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរ។
ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្រុកជើងព្រៃ ជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកក្នុងខេត្តកំពង់ចាម ដែលប្រឈមខ្លាំង។ ជាមួយវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាកាត់ផ្តាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ត្រូវបានអាជ្ញាធរមូលដ្ឋានអនុវត្តន៍ភ្លាមៗ បន្ទាប់ពីរកឃើញករណីប៉ះពាល់នឹងករណីវិជ្ជមាន។ ក្នុងស្ថានភាពដ៏លំបាកនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាជួបប្រទេះនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែការចាំបាច់ដែលត្រូវអនុវត្តនូវវិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ហេតុនេះសូមបងប្អូនទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវចំណាត់ការនេះ ដើម្បីសហគមន៍របស់យើងជៀសផុតពីជំងឺដ៏សាហាវមួយនេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
អំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនទាំង៣៦០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ។ ប្រគេនទៀនវស្សា ទេយ្យទាន ដល់វត្តចំនួន ២ ក្នុងឃុំសូទិប ស្រុកជើងព្រៃផងដែរ ៕