ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធផលនានា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម


សុកកំពង់សៀម៖នាវេលាម៉ោង ៨:០០ព្រឹក ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវត្តគីរីមហាវ័នស្រក ស្ថិតនៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធផលនានា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មានមតិសំណេះសំណាលទៅកាន់លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និងទូទាំងស្រុកកំពង់សៀម និងជូនពរដល់ប្រជាពលរដ្ឋឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីសម្ពោធនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីរួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។ ឯកឧត្តមបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកំលាំងកាយចិត្ត និងជីវិតរបស់សម្តេចតេជោ ដើម្បីប្រែក្លាយប្រទេសដ៏កំសត់មួយនេះ មកជាប្រទេសដែលមានធនធានពេញក្នុងដៃ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងពេញលេញសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់បានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានសេចក្តីសុខក្រោមម្លប់សុខសន្តិភាព។ ម្លប់សន្តិភាពនេះហើយ បានបន្តនាំមកនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗជាបន្តបន្ទាប់ ដូចជា ប្រទេសយើងនឹងជាម្ចាស់ផ្ទះក្នុងព្រឹត្ត​ការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នាខែឧសភាខាងមុខនេះ។

ភាពជោគជ័យមួយទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសម្រេចបានគួរជាទីមោទនៈបំផុត គឺការយកឈ្នះលើជម្ងឺឆ្លងកូវីដ-១៩ តាមរយៈយុទ្ធនាការបញ្ជាទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ មិនឱ្យខ្វះ និងការចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់នៅគ្រប់មូលដ្ឋាន។មួយវិញទៀត ដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រក្នុងកិច្ចគាំពារសង្គម មកដល់ពេលនេះ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាជាសាច់ប្រាក់អស់ជាង ១ពាន់លានដុល្លាររួចហើយផងដែរ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសយើងនោះទេ ហើយថែមទាំងបាន និងកំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ផ្លូវរថភ្លើង ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ជប់កម្មវិធីឧបត្ថម្ភគាំទ្រជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើនថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៃឃុំស្រក និង​ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រ និង​បោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា ដើម្បីចូលរួមសងថ្លៃជំពាក់គេក្នុងការកសាងសមិទ្ធផលក្នុងវត្តគិរីមហាវ័នស្រក ឯកឧត្តមបានប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៥ ៤៥០ដុល្លារ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀលផងដែរ។