ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចុះដល់ស្រុកចំការលើដើម្បីផ្តល់ការព្យាបាលជូនពលរដ្ឋឥតគិតថ្លៃ


ស្រុកចំការលើ៖សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ (TYDA) នៅថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០២៣​នេះ ​បាន​ចុះ​បាន​ចុះ​មក​ដល់​ស្រុក​ចំការ​លើ ដើម្បី​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​ឥត​គិត​ថ្លៃ។ នេះ​បើ​តាម​ឯកឧត្ដម ហ៊ុន ​ម៉ានិត ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។

​ឯកឧត្ដមបានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយ​ដល់​ប្រជាជនទីទ័លក្រទទួលបានសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងកសាង​ស្នាដៃ​ជា​ច្រើនក្នុងសកម្មភាព​ការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេងក្នុងនាមជាកងទ័ពអាវស ចូល​រួមទ​ប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល។ ឯកឧត្ដមបានបញ្ជាក់ថា៖«តាំងនាមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម ខ្ញុំសូមថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅជូន​ដល់ក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ។ នេះបានបង្ហាញកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈ​ការចូលរួម​ជាមួយរាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត ជាពិសេសប្រជាជនដែលជួបការខ្វះខាត ខ្វះលទ្ធភាព និងទីទ័លក្រ»៕