រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត


កំពង់ចាម៖នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំធ្វើឡើងនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំង នាយក នាយករងរដ្ឋបាល មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ ចំនួន៥ រួមមានៈ

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការមួយនៃសេចក្តីសម្រេចលេខ១១៥/១៩ ស.ស.រ ចុះថ្ងៃទី៦ ខែសីហាឆ្នាំ២០១៩ ស្ដីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។

៥-បញ្ហាផ្សេងៗ។