សាខាកក្រកខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី ២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងសហការី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណ:កម្មាធិការសាខា ប្រធានកិត្តិយស មន្ត្រីអនុសាខាស្រុក ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលខ្វះខាតជីវភាព មកពីឃុំទាំង ៨ សរុបចំនួន ៨០ គ្រួសារ ដែលបាន ប្រព្រឹត្តទៅ នៅក្នុងបរិវេណ វត្តមហាលាភ ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ។
ពលរដ្ឋដែលងាយរងគ្រោះបំផុតទាំង ៨០គ្រួសារ នេះ រួមមាន ស្ត្រីមេម៉ាយទ័លលំបាក ចំនួន ២៥គ្រួសារ, ចាស់ជរាគ្មានទីពឹងចំនួន ៤៣គ្រួសារ និង ជនមានពិការភាព ចំនួន ១២ គ្រួសារ ។
ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែ សម្ដេច លោក តែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព អោយ បានល្អ រស់នៅ ត្រូវមានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់ នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ទៀត ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កភាពស៊ាំសហគមន៍ ទប់ស្កាត់ការឆ្លងរាលដាល នៃ វីរុស បម្លែងថ្មី កូវីដ- 19 ។ ម៉្យាងវិញទៀត ក៏ សូមបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ពិសេស គ្រោះអគ្គីភ័យ អាចបណ្តាលឱ្យបាត់បង់ ទ្រព្យសម្បត្តិ និង លំនៅដ្ឋាន ប្រសិនបើ មានការធ្វេស ប្រហែស ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ទាំង ៨០គ្រួសារ, ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូ ៦ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល ៕
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តមហាលាភ នូវ អង្ករ ១០០ គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ មួយចំនួន ផងដែរ។