ស្រុកព្រៃឈរ៖ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៥៨គ្រួសារ រស់នៅក្នុងស្រុកព្រៃឈរ មកពីឃុំចំនួន៥ ” ព្រៃឈរ ស្រង៉ែ សូរសែន្យ ល្វា និង សំរោង ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល។ ពិធីនេះ ធ្វើឡើងនៅក្នុងបរិវេណ វត្តថ្មី ឃុំស្រង៉ែ ស្រុកព្រៃឈរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការសាខា អនុសាខា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស ជូនប្រជាពលរដ្ឋទាំងអស់ ដែល ជានិច្ចកាល សម្ដេច លោក តែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ពីក្តៅ ទៅ ត្រជាក់ នេះ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬ គ្រុនក្តៅ ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី ៥ ឬ ទី ៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃ វីរុស បំលែងថ្មី កូវីដ-19។ ម៉្យាងវិញទៀត ក៏ សូមអោយ មានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាដើម អាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តថ្មី នូវ អង្ករ ១០០ គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ ២០ ម៉ឺនរៀល ផងដែរ៕