នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងព្រះនាគមុនី ប៊ត តាំងចេង ព្រះមេគណខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃ នៃសាលាគណខេត្ត និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះ ទី២ ដែលជាកម្មវិធីមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូន ជនមានពិការភាពក្រលំបាកម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ ៣១ឆ្នាំ រស់នៅ ភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ។
សូមរំលឹកថា ប្អូនប្រុស ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី ២នាក់ ក្នុងបន្ទុក ។ អតីតកាល ប្អូនប្រុសមានមុខរបរជាជាងផ្សារដែក ។ ជាអកុសល កាលពី ២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលអោយជើងទាំង ២ រលាករលួយ ហើយទីបំផុត ត្រូវកាត់ចោលក្រោមជង្គង់ ធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពពលកម្ម រហូតមកដល់បច្ចុប្បន្ន ។ ដោយឡែក ក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋ តាមរយៈ ប័ណ្ណក្រ ១ អម្រែកមេគ្រួសារ បានធ្លាក់មកលើ ប្អូនស្រី ត្រូវជាប្រពន្ធ ដែលធ្លាប់ជាមេផ្ទះ បង្ខំចិត្តដើរស៊ីឈ្នួលជម្រះស្មៅ ឬមើលថែចំការ តាមរដូវ ដើម្បី បានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តីពិការ និង កូនស្រីទាំង ២ ។ ដោយលទ្ធភាពខ្សត់ខ្សោយ គ្រួសារនេះ រស់នៅក្នុងកូនខ្ទមទ្រុឌទ្រោម ដែលបិទបាំងដោយដែកស័ង្កសី ស្លឹកចាស់ៗ ដែលបងប្អូន អ្នកជិតខាងផ្តល់ឲ្យ ។ ដោយមើលឃើញពីស្ថានភាពលំបាក របស់បុរសខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនប្អូន និងគ្រួសារ សម្រាប់ស្នាក់នៅ ដែលត្រូវចំណាយទឹកប្រាក់ចំនួន ៩.៨០០.០០០រៀល ក្នុងនោះ សាខា បដិភាគចំនួន ១.០០០.០០០រៀល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឧបត្ថម្ភ ១.០០០.០០០រៀល ព្រះមេគណខេត្ត ចំនួន ១.០០០.០០០រៀល ។ ក្រៅពីនោះ ជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការងារចលនាកៀរគរ និងគ្រប់គ្រងមូលនិធិ នៃកម្មវិធី ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឲ្យបានទ្វេរដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ។ ទន្ទឹមនឹងនោះ អ្នកដែលបានចាក់វ៉ាក់សាំង រួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ ៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តបាននាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផ្តល់ជូនគ្រួសារ ខាងលើ រួមមាន ÷ អង្ករ ៥០គក្រ, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប, មី១កេស ឃីត១សម្រាប់ អាវយឺត ៨ សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០.០០០រៀល។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន ១៣គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល៕