ឯកឧត្តម កៅ សុខអាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនចំនួន ៣០គ្រួសារ នៅឃុំសូភាស ស្រុក ស្ទឹងត្រង់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ពាក់ព័ន្ធព្រឹត្តការណ៍ សហគមន៍២០កុម្ភៈ និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម មកប្រគល់ជូនគ្រួសារធ្វើចត្តាឡីស័កទាំង ៣០ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេៈ ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម កៅ សូខអាន បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្ត ដែលតែងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូន និងបានផ្ដាំផ្ញើ សូមបងប្អូន ចូលរួមថែរក្សាខ្លួនឪ្យបានល្អ ដើម្បីចាកផុតពីជម្ងឺកូវីដ-១៩ កុំឲ្យបន្តរាលដាលកាន់តែធ្ងន់ធ្ងរ នៅក្នុងសហគមន៍របស់យើង ។ ឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ជីវភាពរបស់បងប្អូន និងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូន និងធ្វើឲ្យប្រទេសជាតិវិលទៅកាន់ប្រក្រតីភាពវិញ ។