នៅព្រឹក ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខារួមដំណើរដោយ លោកជំទាវ អនុប្រធាន អចិន្ត្រៃយ៍ សាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦ គ្រួសារ នៅ ឃុំសូភាស ស្រុកស្ទឹងត្រង់ ក្នុងនេះ នៅភូមិអង្កោល ១២គ្រួសារ , ភូមិសូភាស ១០គ្រួសារ និងនៅភូមិស្រប ៤៤គ្រួសារ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយផ្ទះ ៦៦ខ្នង រងការខូចខាត ដោយមានការ ដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង ។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កអោយមានការខូចខាតដល់លំនៅដ្ឋានបងប្អូន ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពីសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា និច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាល ទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង , ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” អោយបានគ្រប់គ្នា ។
ដោយសាររដូវនេះជារដូវវស្សា ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភព ដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈីក និង ជំងឺគ្រុនឈាម ជាដើម។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានរំលឹកការចងចាំ ថា ” ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មាន គ្រុនឈាម “។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ និង អាវយឺតចំនួន ៤ ។
ដោយឡែក ចំពោះថវិកា ក៏បានផ្តល់ជូន តាមទំហំខូចខាត គឺ អ្នកដែលរងការខូចខាតធ្ងន់ ៩គ្រួសារ ផ្តល់ជូនក្នុង ១គ្រួសារចំនួន ៣០០,០០០ រៀល ហើយ អ្នកដែលរងការខូចខាតស្រាល ៥៧គ្រួសារទៀត មួយគ្រួសារ ទទួលបាន ១០០,០០០ រៀល ។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តសូភាស នូវ អង្ករ ៥០គក្រ , មី ២កេស, ត្រីខ ២យួរ និង បច្ច័យ ២០០,០០០ រៀល ផងដែរ ។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង ក៏បានចាត់អោយ តំណាង នាំយកសម្ភារ អំណោយ ផ្តល់ជូន បងប្អូនរងគ្រោះ ទាំង ៦៦គ្រួសារ ក្នង ១គ្រួសារ ទទួលបាន អង្ករ ១០គក្រ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ និង ថវិកា ១៣០,០០០ រៀល ថែមទៀត៕