នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea
(Cambodia) របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមីនីបៀជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។
បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា និងបានមកសួរសុខទុក្ខដោយផ្ទាល់ដល់បុគ្គលិក កម្មករ កម្មការិនី ទាំងអស់នៃក្រុមហ៊ុនក្រុមមីនេបៀនាពេលនេះ។ នេះជាលើកទី៤ហើយដែលសម្តេចបានអញ្ជើញមកកាន់ក្រុមហ៊ុននេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជំនឿចិត្ត ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុននៅកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា គោលនយោបាយវិនិយោគរបស់កម្ពុជាគឺ «ត្រីណាមកមុនចាប់យកមុន » គឺមិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ។ សម្តេចតេជោបានបង្ហាញនូវក្តីរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀនៅកម្ពុជាមានការរីកចម្រើនជាមួយនឹងទុនកើនដល់ ៦០០លានដុល្លារ និងមានមានកម្មករបម្រើការងាររហូតដល់៦ពាន់នាក់នេះ។
ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ-១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោបានចោទសួរថា តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជា ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងលើជំងឺកូវីដ។ សម្ដេចតេជោក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការិនីទាំងអស់ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។
ដោយសារតែក្រុមហ៊ុនមីនេបៀនេះបានផលិតនៅគ្រឿងបង្គំក៏ដូចជាអំពូល LED កំពូលឆ្លាតវៃនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលរាជធានី ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាតដែលផលិតនៅកម្ពុជាដាក់បំភ្លឺតាមដងផ្លូវនៅតាមខេត្តក្រុងរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានអោយដឹងថា ឯកឧត្តម កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនេបៀទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រនៅខេត្តពោធិ៍សាត់ផងដែរ។នៅថ្ងៃនេះ សម្ដេចតេជោបានបង្ហើបថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ នាពេលដ៏ខ្លីខាងមុខនឹងមានក្រុមហ៊ុនដំឡើងរថយន្ត Toyota នៅទីនេះផងដែរ ដែលនឹងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាបន្ថែមទៀតនៅទីនេះ។
សម្តេចតេជោក៏បានថ្លែងកោតសរសើរភាពសុខដុមរវាងរោងចក្រមីនេបៀ និងកម្មកររោងចក្រ ដោយមិនដែលមានផ្ទុះបាតុភាពអ្វីទាំងអស់ជាមួយកម្មករ។ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ភាពសុខដុមនៅក្រុមហ៊ុនមីនេបៀ ជាពិសោធន៍ល្អនៃការគ្រប់គ្រង។ សម្តេចតេជោ បានណែនាំរោងចក្រនានា យកពិសោធន៍គ្រប់គ្រងពីក្រុមហ៊ុនមីនេបៀ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ។
នៅថ្ងៃនេះ សម្ដេចតេជោក៏បានផ្ដល់ជូនដល់កម្មករកម្មការិនីដែលបម្រើការងារនៅក្រុមហ៊ុនមីនេបៀប្រមាណជាង៦ពាន់នាក់ដោយម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងផ្ដល់ជូនដល់កម្មការិនីមានផ្ទៃពោះចំនួន១៧៨នាក់ ដោយម្នាក់ៗទទួលបាន១លានរៀលផងដែរ។ សម្តេចតេជោក៏បានជូនពរបងប្អូន កម្មករកម្មការិនីទាំងអស់ទទួលបាននូវសេចកីសុខ សេចកីចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត។ នៅចុងបញ្ចប់ សម្តេចតេជោក៏បានអញ្ជើញពិនិត្យមើលការតាំងបង្ហាញផលិតផលស្នាដៃរបស់ក្រុមហ៊ុនមីនេបៀដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងបរិយាកាសរីករាយបំផុត៕