សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា


នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមជំរាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកនេះមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ ។

សម្តេចតេជោបានមានប្រសាន៍ថា កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយសង្គ្រាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច។ កម្ពុជាជាប្រទេសរងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ ២០០០ ។ ក្នុងនាមជារដ្ឋភាគី នៅចុងឆ្នាំ ២០១១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី១១ ដែលត្រូវបានទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យ ក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមការប្រើប្រាស់ មីនប្រឆាំងមនុស្សកន្លងមក ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី ៩ នៃគោលដៅអភិវឌ្ឍន៍- សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី ១៨ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ “កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព”។ កិច្ចខិតខំប្រឹងប្រែងនេះ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីចំនួន ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០ នាក់ ជាមធ្យម ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួន សំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញា ស្តីពីសិទ្ធិរបស់ជនពិការ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០១៣ មក ។ ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ” នៅកម្ពុជា ដែលនឹងមានប្រទេសប្រមាណ ៣៦ ចូលរួម ។កម្ពុជាមានពេលប្រមាណ ៣ ឆ្នាំ ទៀត ដើម្បីបន្តការបោសសម្អាតមីនសំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា ។ កម្ពុជាបានឈានទៅដល់ការប្រកាសខេត្ត រាជធានីចំនួន ៥ គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះ ភូមិចំនួន ១ ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ។

ក្នុងឱកាសបិទសន្និបាតនេះផងដែរ សម្ដេចតេជោបានផ្ដល់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖
១-សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេចបានគោលដៅ “ កម្ពុជាគ្មានមីន ” នៅត្រឹមឆ្នាំ ២០២៥ ។

២-ក្រសួង ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត ។

៣-សូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខា- ភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន ។

៤-អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត “យន្តការភូមិអស់មីន” ឱ្យបានជោគជ័យ ។

៥-សូមលើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យសកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេសជាក់ស្តែងអំពីលទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈសំខាន់នេះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមីន កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត និងក្រុមការងាររៀបចំផែនការសកម្មភាពមីនសម្រាប់កិច្ច សហការ និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ៕