ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ថ្លែងលើកការគាំទ្រ ចំពោះ ការរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បី ជ្រើសរើសក្រុមកីឡាករឆ្នើម និងកីឡាករឆ្នើម មានបទពិសោធន៍ បច្ចេកទេស សមត្ថភាព ទេពកោសល្យ ដើម្បី ត្រៀមខ្លួនទៅចូលរួមប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់ផ្សេងៗទៀត ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ ដើម្បី អបអរសាទរចូលឆ្នាំសាកល និងខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០១៩ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នេះ ។
ឯកឧត្ដមអភិបាលខេត្ត ថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺ ដើម្បីអបអរសាទរចូលឆ្នាំសាកល និងខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២០ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និង ខៀវ សំផន ដែលជារបប ដ៏សាហាវឃោរឃៅយង់ឃ្នង និងព្រៃផ្សៃបំផុត ដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយ ។ ជាមួយនោះ ឯកឧត្ដម ក៏បានគាំទ្រ ចំពោះ ការរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងទិសដៅជ្រើសរើសរកក្រុមកីឡាករឆ្នើម និងកីឡាករឆ្នើម ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព ទេពកោសល្យ និងគោរពនូវក្រមសីលធម៌ បានល្អក្នុងពេលប្រកួត ដើម្បី ត្រៀមខ្លួនទៅចូលរួមប្រកួតជាបន្តបន្ទាប់ទៀតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់ផ្សេងៗទៀត ។
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ជាការពិតវិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិក្នុងការអភិវឌ្ឍ កត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ។ ជាក់ស្ដែង បើយើងក្រឡេក មើលលើគ្រប់វិស័យនៅមុនថ្ងៃរំដោះ ឆ្នាំ១៩៧៩ គឺក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានបំផ្លិចបំផ្លាញ ការកាប់សម្លាប់ ការធ្វើបាប ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងបង្អត់អាហារ ឱ្យរស់នៅស្ទើរងាប់ បង្ខំឱ្យធ្វើការហួសកម្លាំង ធ្លាក់ខ្ពស់ឈឺចាប់ដាក់គុក ដាក់ខ្នោះ វាយដំ ធ្វើឱ្យវិនាសហិនហោចខ្លោចផ្សារ និរាសូព្រាត់ប្រាស់ប្ដីប្រពន្ធ-កូនចៅ សាច់សាលោហិត បងប្អូន ប្រសារ…។ល។ ម្យ៉ាងទៀត នៅសម័យនោះគ្មានទេវិស័យអប់រំ សាលារៀន និងគ្រឹះស្ថានសិក្សានានា ត្រូវបានរុះរើដុតបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់ ។ ដូច្នេះ ខ្ញុំសូមអំពាវនាវ ដល់ប្អូនៗយុវជនជំនាន់ក្រោយ ត្រូវតែចងចាំ និងយល់ដឹងជានិច្ច ហើយធ្វើយ៉ាងណាកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃយង់ឃ្នង ដែលកើតមានដោយកម្រនៅលើពីភពលោកយើងនេះ វិលមកកើតមាននៅលើទឹកដីមាតុភូមិកម្ពុជា ជាលើកទី២ ម្តងទៀតឡើយ ។
ដូច្នេះ សូមឱ្យអត្ថន័យ នៃការប្រកួតកីឡាដ៏មានតម្លៃនេះ សូមឱ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឱ្យបានគ្រប់ៗគ្នា ពិសេស កីឡា ដើម្បី សុខភាព ដើម្បី អភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ ។ ម៉្យាងទៀត ក៏សូមផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហាត់បន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេល កត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេលប្រកួតជៀស វាងកុំ ខ្ចីមានកាខុសឆ្គង ដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ ដែលគណៈកម្មការបច្ចេកទេស បានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ។
ជាមួយនឹងការជម្រាបជូន អំពីសមិទ្ធផលរបស់វិស័យអប់រំកាយ និងកីឡា នាឆ្នាំកន្លងមក លោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ឲ្យដឹងថា នាឆ្នាំ២០១៩នេះ ក្រុមកីឡាមន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង/ស្រុក ចូលរួមប្រកួតកីឡាមហាជន ប្រចាំឆ្នាំ២០១៩ជាច្រើនក្រុមទៅលើវិញ្ញាសារ សំខាន់ៗ មាន ៖ បាល់ទាត់ បាល់ទះ បាល់បោះ ហែលទឹក ប៉េតង់ វាយសី និងវាយកូនឃ្លីលើតុ ៕ សារ៉ាត