អភិបាលខេត្តកំពង់ចាម ជំរុញ អោយអាជ្ញាធរពាក់ពន្ធ័បង្កើនការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា


ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ខណៈ អញ្ជើញប្រគល់ផ្ទះសប្បុរសធម៌ទី៨ ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅក្នុងភូមិស្ពានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។


ពិធីប្រគល់ផ្ទះសប្បុរសធម៌ទី៨នេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម និងមានការនិមន្តនិងអញ្ចើញចូលរួមពី ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងមន្រ្តីសង្ឃព្រមទាំងអាជ្ងាធរ សមត្ថកិច្ច ស្រុក ឃុំជាច្រើននាក់ទៀត។


លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀមបានឲ្យដឹងថា គ្រួសារដែលត្រូវទទួលបានផ្ទះសប្បុរសធម៌ទី៨នេះ គឺជាគ្រួសារទីទាល់ក្រ ជួបការលំបាក មិនមានលទ្ធភាពអាចសាងសងទីជំរកខ្លួនឯងបាន។ ហេតុដូចនេះ ទើបអាជ្ងាធរថ្នាក់ឃុំស្រុកធ្វើការរាយការណ៍ទៅកាន់ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បីរួមគ្នារកវិធីដោះស្រាយ។ រហូតមកដល់ពេលបច្ចុប្បន្ន ផ្ទះមួយខ្នងនេះ បានសាងសងរួចរាល់ជាស្ថាពរ ហើយក៏បានប្រគល់ជូនទៅដល់ក្រុមគ្រួសារជួបការលំបាក នៅពេលនេះ។


ឯកឧត្តម អ៊ុនចាន់ដា បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាក់ស្ដែងទីណាជួបការលំបាក អាជ្ងាធរជាតិ ថ្នាក់ឃុំ ស្រុក ខេត្ត តែងតែចុះទៅដល់ និងជួយគិតគូរដោះស្រាយជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមរដល់អាជ្ងាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អប្រសើរ និងទាន់ពេលវេលាថែមទៀត។
ក្នុងឱកាស ឯកឧត្តមថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ងាធរស្រុក ព្រមទាំងព្រះសង្ឃក៏បានប្រគល់ផ្ទះសប្បុរសធម៌ទី៨ ដែលចំណាយថវិកាអស់ ៧,០០០,០០០រៀល និងថវិកាសរុបចំនួន ៧០០,០០០រៀល ជូនលោក អ៊ុ ភឿន និងលោកស្រី ជូ ស្រីមុំ ដែលមាន ជីវភាពជួបការលំបាករស់នៅក្រោមស្ពានកៀនជ្រៃ នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម និងជូនគ្រួសារជួបការលំបាកចំនួន 21គ្រួសារដោយក្នុងមួយគ្រសារទទួលបានឃីតមួយកញ្ចប់និងថវិកា4ម៉ឺនរៀល៕