សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»


នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារ សុខាភ្នំពេញ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីរីករាយដែលបានអញ្ជើញចូលរួមបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន​បណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដែលបានផ្តួចផ្តើមរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ « មនុស្ស » ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាព ក្រីក្រ ។ ជាក់ស្តែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់ លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈ​ពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។

ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។ ជាការពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ។

ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស ។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ ។

ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយ បញ្ហាប្រឈមផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និង សម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជា-ជនក្រីក្រ និងងាយរងគ្រោះ។ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បាន យ៉ាងល្អប្រសើរ ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ ។