ការពារជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងរាជរដ្ឋាភិបាលស្របច្បាប់គឺជាកាតព្វកិច្ចរបស់យេីងទាំងអស់គ្នា


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជា ប្រធាន គណៈបញ្ជាការ ឯកភាពខេត្ត នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានណែនាំឲ្យកងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ត្រូវត្រៀមរួចជាស្រេច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងបង្ករភាពវឹកវរនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យកងកម្លាំងរាជអាវុធហត្ថនៅទីបញ្ជាការដ្ឋានខេត្ត ឯកឧត្តម
អភិបាលខេត្តបានថ្លែងបន្តថា ប្រសិនបើការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ពិតមែន គឺខុសគ្នា កាលពីការវិលត្រឡប់នៅឆ្នាំ២០១៣ ព្រោះកាលនោះមានការលើកលែងទោស ពីអង្គព្រះមហាក្សត្រ ដូច្នេះគេហៅថា ជាការវិលត្រឡប់ដោយស្របច្បាប់ ដែលអ្នកគាំទ្រអាចទៅទទួលបាន។

ផ្ទុយទៅវិញ ប្រសិនការវិលត្រឡប់លើកនេះ មានស្ពាយទោស ជាប់ខ្លួនមកជាមួយ ដូច្នេះទណ្ឌិតរូបនេះ ត្រូវតែប្រឈមមុខ ដោះស្រាយផ្លូវច្បាប់ ហើយកម្លាំងប្រដាប់អាវុធ ត្រូវតែអនុវត្តច្បាប់ ដោយគ្មានការរារែកឡើយ។

ម្យ៉ាងទៀតទន្ទឹមនឹងនេះដែរ ទណ្ឌិត សម រង្ស៊ី បានបង្កើតរឿងថ្មីពីរទៀត ពោលគឺឆ្លងហួសបន្ទាត់ក្រហម ដោយគាត់បានបំផុសកងកម្លាំងប្រដាប់អាវុធ ឲ្យផ្ដាច់ខ្លួន ពីរដ្ឋាភិបាលទៅចូលរួមជាមួយគាត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលវិញ ដែលនេះជាអំពើខុសច្បាប់ ចំណែកកំហុសមួយទៀត ជននេះ បានប្រមាថអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះអំពើបំពានច្បាប់របស់
ទណ្ឌិត សម រង្ស៊ី គឺជាកំហុសខុសឆ្គង ដែលមិនអាចអត់ឱនឲ្យបាន និងត្រូវអនុវត្តច្បាប់ តបតទៅវិញ។

ដោយឡែកចំពោះសកម្មជន ដែលបានចូលរួមជាមួយករុមក្រៅច្បាប់នេះ ក៏
ត្រូវជាប់ចោទពីបទចូលរួមគំនិតក្បត់ ដែលកម្លាំងសមត្ថកិច្ចត្រូវតែទប់ស្កាត់ និងបង្ក្រាបជាដាច់ខាតដើម្បីថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការពាររដ្ឋាភិបាលស្របច្បាប់៕