នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា នៅវិទ្យាល័យ ស្រេង គីម ស្រុកព្រៃឈ ដោយបានកាអញ្ជើញចូលរួមពី មន្ត្រីរាជការ លោកតា លោកយាយ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត២,០០០ នាក់។
ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តឲ្យក្មួយៗជាយុវជនខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងជាទំពាំស្នងឬស្សី របស់ប្រទេសជាតិ មាតុភូមិនាពេលអនាគត។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចាប់ពីពេលនេះតទៅ អគារសិក្សា ១ខ្នង មានកម្ពស់ ២ជាន់ ចំនួន ១២បន្ទប់ ជាអំណោយរបស់សមាគមដំណឹងល្អពិភពលោក នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នឹងក្លាយជាអគារសិក្សារបស់យើងទាំងអស់គ្នាហើយ។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា សមិទ្ធផលដែលជាអំណោយរបស់សប្បុរសជនកូរ៉េ នូវអគារសិក្សាដ៏ល្អ ១ខ្នងនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា និងជាផ្នែកមួយដែលអាចលើកកម្ពស់វិស័យអប់រំ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាម ដែលស្ថិតក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមជម្រាបជូនថា អគារសិក្សានេះ បានកសាងឡើងតារយៈការខិតខំប្រឹងប្រែង របស់សហគមន៍ ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំង គណៈគ្រគ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សប្បុរសជន របស់សមាគមដំណឹងល្អពីភពលោក របស់ប្រទេសកូរ៉េ បានកសាអគារសិក្សា នេះឡើង ចំណាយថវិកា ១៥៩,៧៥០ ដុល្លារ៕ By Vong Ratha