អភិបាលខេត្តកំពង់ចាម ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ទន់ ធី


ត្បូងឃ្មុំ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សព មហាឧបាសិកា ទន់ ធី ត្រូវជាម្តាយក្មេក របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០:១៨នាទីរំលងអាទ្រាត ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងសហការី អមដំណើរ ក៏បានចូលរួមសម្ដែងនូវសមាណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមទាំង ក្រុមគ្រួសារ សាច់ញ្ញាតិចំពោះ ការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអស់ ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់ខ្ពស់បំផុត ។ ទន្ទឹមនឹងនោះ ទោះបីរូបកាយរបស់ មហាឧបាសិកា ទន់ ធី បានបាត់បង់ទៅមែនពិត ក៏ប៉ុន្តែ អំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្ថិតនៅស្ថិតស្ថេរ ក្នុងសណ្ដានចិត្ត របស់កូន ចៅ និងញ្ញាតិមិត្តជិតឆ្ងាយទាំងអស់ ជានិច្ចនិរន្តរ៍ ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងសហការី អមដំណើរ ក៏បានបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ទន់ ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕