នៅព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៩ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងឯកឧត្តម ហ៊ុន ណេង ជាប្រធានកិត្តិ យសសាខា និងអនុប្រធានកិត្តិ យសសាខា សរុបចំនួន ១៩នាក់។ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែល មានសមាសភាព ១៥នាក់ ស្រី៣នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខា, លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ លោក ហួត វុទ្ធី អនុប្រធាន, លោក ប៉ែន ម៉ារឌី អនុប្រធាន, លោកជំទាវ ចាន់ វ៉ាន់នី ហេរញ្ញិក និងលោក ស្រី សុភ័ក្រ្ត ជាលេខាធិការគណៈកម្មាធិការសាខា។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ ៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥
៤/ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម ៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា និងអនុសាខាទាំង ១០ស្រុក/ក្រុង ចំនួន៣៥ នាក់ និងសមាជិក សមាជិការចូលរួម សុរប ២៥៧ នាក់៕