ដោយការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋព្រឹកថ្ងៃទី០៣តុលា ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ទៅសំណេះសំណាលនិងពិនិត្យមើលស្ថានភាពរស់នៅរបស់កុមារកំព្រាក្នុងមណ្ឌលសំចតកំពង់ចាមដែលមានទីតាំងស្ថិតនៅភូមិទី១សង្កាត់វាលវង់។
នៅក្នុងពិធីសំណេះសំណាលជាមួយកុមារកំព្រា ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្អូនៗនិងក្មួយៗរស់ក្នុងមណ្ឌលទាំងអស់ត្រូវស្តាប់ការណែនាំ គោរពវិន័យពីអណាព្យាបាលនៅទីនេះ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រដើម្បីអនាគតរបស់ប្អូននិងក្មួយមានការងារធ្វើនិងជាសរសរទ្រូងរឹងមាំរបស់ប្រទេសជាតិ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់កុមារទាំងអស់ដែលរស់នៅក្នុងមណ្ឌលត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀនពីព្រោះវាធ្វើអោយមានផលប៉ះពាល់ដល់សុខភាព បាត់បង់អនាគតនិងសន្តិសុខនៅសហគមន៏។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអោយប្រធានមណ្ឌលនិងស្ថាប័នពាក់ព័ន្ធត្រូវរាយការណ៏ពីបញ្ហាប្រឈមនៃការរស់នៅប្រចាំថ្ងៃរបស់មណ្ឌលកុមារកំព្រាជាពិសេសការហូកចុករបស់កុមារកំព្រានិងលោកគ្រូអ្នកគ្រូដែលគ្រប់គ្រងនិងបំរើការងារនៅទីនេះដើម្បីរកវិធីដោះស្រាយ។ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភជាអង្ករប្រចាំខែក្នុងខែ៥០០គីឡូក្រាមនិងមន្ទីរសង្គម
កិច្ចជួយ ឧបត្ថម្ភ អង្ករ៥០០គីឡូក្រាមសរុបក្នុង១ខែចំនួន១តោនគីឡូក្រាមបន្ថែមជូនពីលើអារកិច្ចដែលក្រសួងសង្គមកិច្ចផ្តល់ជូនរាល់ខែ។
ជាមួយនោះដែរឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រធានមណ្ឌលកុមារកំព្រាត្រូវខិតខំថែរក្សាទ្រព្យសម្បិត្តដែលជាទ្រព្យសម្បិត្តរបស់រដ្ឋរួមទាំងសំណង់ ដីធ្លីផងដែរ។ក្នុងនោះមន្ទីរស្ថាប័នពាក់ពន្ធ័ត្រូវចូលរួមសហការនិងការពារជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី។
បើតាមការអោយដឹងពីប្រធានមណ្ឌលកុមារកំព្រាកំពង់ចាមថានៅក្នុងមណ្ឌលមានកុមារកំព្រាចំនួន៦៤នាក់ ស្រី២៥នាក់បុគ្កលិកនិងគ្រូបំរើការងារចំនួន១១នាក់ក្នុងនោះជាមន្រ្តីកិច្ចសន្យាចំនួន១០នាក់។