គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកិច្ចប្រជុំប្រចាំខែ នៅសាលាខេត្តកំពង់ចាម


នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំ ដើម្បីសិក្សាពីតម្រូវការក្នុងការស្តាឡើងវិញតាមវិស័យនីមួយៗ ជាពិសេសគឺវិស័យកសិកម្មអាចផ្តល់ជាពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រផ្សេងៗដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ នៅពេលដែលទឹកកំពុងតែស្រកចុះ។ ដែលពិធីនេះបានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងដោយបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម និងក្រសួងធនធានទឹក ថ្នាក់ដឹកនាំខេត្ត ត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រចេះ និងមន្រ្តីពាក់ពន្ធ័ជុំវិញខេត្តផងដែរ។