ស្រុកព្រៃឈរ៖នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមខេត្ត រួមដំណើរដោយ លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីក្រុមប្រតិបត្តិសាខា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឲ្យលិចទូក ពេលចុះនេសាទ នៅចំណុចនឹងវាលព្រះ កាលពីម៉ោង ១០ យប់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ ។
គូសបញ្ជាក់ថា សពបុរសទាំង ២នាក់ នេះ , ម្នាក់ អាយុ ៥១ ឆ្នាំ ត្រូវជាឪពុកមា មានប្រពន្ធ កូន ៤នាក់ និង ម្នាក់ទៀត អាយុ ៣១ឆ្នាំ ត្រូវជាក្មួយ មានប្រពន្ធ កូនស្រី ១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ ជាមួយគ្នា។
ស្ថិតក្នុងឱកាសដ៏សោកសង្រេងនោះ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ប្តី ឪពុក ឪពុកក្មេក កូន កូនប្រសារ ជាទីគោរព ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ ដែលមិននឹកស្មានដល់នេះ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។
ជាមួយនេះ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារទាំង ២ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា ។
ចំពោះសម្ភារដែលបានផ្តល់ជូនគ្រួសារសពខាងលើ គឺក្នុង១ គ្រួសារៗ ទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០កំប៉ុង , មី ២កេស និង បច្ច័យចូលបុណ្យ ចំនួន ៥ ០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋម្នាក់ទៀត ត្រូវជាសាច់ញាតិសព ដែលនៅរស់ពីការលង់ទឹក ក៏ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា ឧបត្ថម្ភ ចំនួន ២០០,០០០រៀល រួមនឹងបានឧបត្ថម្ភដល់កងកម្លាំងសង្រ្គោះក្នុងហេតុការណ៍ខាងលើផងដែរ ។
ជាមួយនោះ គណៈ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចូលបុណ្យ ក្នុង ១គ្រួសារ ថវិកា ៥០០,០០០រៀល។ អនុសាខាស្រុក ចូលបុណ្យបន្ថែម ក្នង ១គ្រួសារ បច្ច័យ ២០០, ០០០ រៀល៕