ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃ


នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវិញ្ញាសារនៃការប្រឡងជ្រើសរើសក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ​២០១៩​។​ ការប្រឡង​នេះមានការចូលរួមពីគណៈកម្មការកណ្ដាល និងមេប្រយោគ មន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅមានរយៈពេលមួយព្រឹក មានបេក្ខជនចូលរួមប្រឡងមកពីខេត្តចំនួន០៤ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយមានបេក្ខជនដាក់ពាក្យសុំប្រឡងសរុបចំនួន៦៧៨ នាក់ ស្រី៣៨៣នាក់។ការប្រឡងចែកចេញលើក្របខ័ណ្ឌចំនួន០៤គឺ ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្រ្ដីក្រមការ មានបេក្ខជនមកប្រឡង ៤ខេត្ត កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង បេក្ខជនចំនួន ៣៧៩នាក់ ស្រី១៩០នាក់ ចំពោះក្របខ័ណ្ឌមន្រ្ដីលេខាធិការរដ្ឋបាល និងក្របខ័ណ្ឌស្មៀនឃុំ-សង្កាត់ បេក្ខជនចំនួន ២៩៩នាក់ ស្រី១៩៦នាក់ ។

មានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសារប្រឡងនេះឯក​ឧត្ដម អ៊ុន ចាន់ដា អភិបាលអភិបាលខេត្ត បានបញ្ជាក់ថាការប្រឡងនេះ គឺជាការប្រឡងប្រកបដោយតម្លាភាពតាមគោលការណ៍អ្នកចេះបានពិន្ទុខ្ពស់ជាងគេគឺជាប់ និងក៏បានរំលឹកផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធការប្រឡងពិសេសមេប្រយោគ និងអនុរក្សត្រូវយកចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងវិន័យក្នុងពេលប្រឡង ដើម្បីអោយការប្រឡងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ

រីឯចំណែកបេក្ខជនវិញ ត្រូវតែគោរពដាច់ខាតតាមបទប្បញ្ញត្តិនៃការប្រឡង ហើយក៏ត្រូវប្រមូលស្មារតីបញ្ចេញសមត្ថភាពដំណេះដឹងអោយអស់ ដែលខ្លួនមានដើម្បីទទួលបានលទ្ធផលក្លាយខ្លួនជាមន្ត្រីបម្រើសង្គមជាតិដ៏ល្អផងដែរ៕