ក្រសួងទេសចរណ៍ ប្រារព្ធធ្វើពិធីប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅក្រុងកំពង់ចាម ដែលបានអនុវត្ត គោលការណ៍បរិស្ថានដ្ឋានគ្មានផ្សែងបារីបានល្អ ពិធី នេះ បានធ្វើឡើង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុនអនុរដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្ដម ហេងវណ្ណនី អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម ។
ឯកឧត្តម ហោ សារុន បានថ្លែងថា នេះជាសិក្ខាសាលាលើកទី២ហើយ សម្រាប់ខេត្តកំពង់ចាម ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កម្មវិធីនេះ ក៏មានការចែកពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ជូនដល់សណ្ឋាគារចំនួន ០៤កន្លែង និងភោជនីយដ្ឋានចំនួន ០៤កន្លែងក្នុងចំណោមសណ្ឋាគារ និងភោជនីយដ្ឋាន ០៨កន្លែង ដែលមានស្នាដៃឆ្នើមស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីបានល្អ ក្នុងវិស័យទេសចរណ៍ នាពេលកន្លងមក ផងដែរ ។ ឯកឧត្ដម បញ្ជាក់ផងដែរថា ដើម្បី ឈ្នះពានបរិស្ថាន គ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាន អាជីវកម្ម ត្រូវគោរពតាមលក្ខខណ្ឌ ៦ចំណុច ដូចជា ៖ ១.មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅកន្លែងរបស់ខ្លួន នៅក្នុងទម្រង់ណាក៏ដោយ។ ២.ត្រូវតាំងបង្ហាញ ឬលក់បារីដែលមានសារព្រមានសុខភាព ជារូបភាពនិង ជាភាសាខ្មែរ ដែលមានទំហំ ៥៥% បោះពុម្ពនៅផ្នែកខាងលើ នៃថ្ងៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ ។ ៣.អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ បានតែមួយកញ្ចប់ ក្នុងមួយម៉ាក នៅកន្លែង លក់ តូបលក់ ក្នុងហាងលក់ផលិតផលថ្នាំជក់ មួយប៉ុណ្ណោះ ។ ទូរសម្ភារៈ តាំងបង្ហាញត្រូវមានពណ៌ត្នោតលាត និងមានទំហំមិនលើសពី ២.០០០សង់ទីម៉ែត្រការ៉េ ។ ៤.ត្រូវបិទស្លាកសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់ ។ ៥.មិនត្រូវដាក់តាំង បង្ហាញប្រដាប់គោះប្រញ៉ូមបារី នៅក្នុងកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ទំហំ និងប្រភេទណាក៏ដោយ។ ៦.ត្រូវបង្គាប់ឲ្យអ្នកជក់បារីជក់ ទៅជក់ខាងក្រៅ បើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បី ចាត់វិធានការបន្ត ។ ចំពោះ ម្ចាស់អាជីវកម្ម ទាំងឡាយណាដែលមិនបានគោរពតាមលក្ខខណ្ឌទាំង ៦ ខាងលើនេះ ក្រសួងទេសចរណ៍ មិនផ្តល់ ឬបន្តអាជ្ញាប័ណ្ណជូនឡើយ ហើយថែមទាំងប្រឈមមុខនឹងការផាកពិន័យ ថែមទៀតផង ។ ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់សណ្ឋាគារ និងជនីយដ្ឋាន ព្រមទាំងបុគ្គលិកនិងអតិថិជន ដែលមកប្រើប្រាស់សេវាកម្មផ្ទាល់ ទទួលបាននូវផាសុខល្អ និងចំណេញថវិកា ។ ជាងនេះទៀត ការអនុវត្តបរិស្ថានជ្ឋានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមរមនីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើឲ្យភ្ញៀវទេសចរណ៍ ទទួលបាននូវផាសុខភាពនៅពេលមកទស្សនា ដែលនេះជាសក្តានុពល ក្នុងការបង្កើនចំណូលជាតិ តាមរយៈការទាក់ភ្ញៀវទេសចរណ៍ ។
គូសបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវ ដែលធ្វើឡើងដោយកម្មវិធីភិវឌ្ឍន៍ អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងការសន្និដ្ឋាន នៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជម្ងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ។ លើសពីនេះទៀតនោះ ការប្រើប្រាស់ថ្នាំជក់បណ្តាលឲ្យខាតបង់ទឹកប្រាក់ប្រមាណ ៦៤៩លានដុល្លារ ក្នុង ១ឆ្នាំ ដែលស្មើនឹង ៣% នៃ GDP របស់កម្ពុជា ។ ដូច្នេះ គោលការណ៍បរិដ្ឋានគ្មានផ្សែងងបារី គឺជាយន្តការ ដ៏មានប្រសិទ្ធភាព និងប្រសើរបំផុត ក្នុងការផ្ដល់សុខមាលភាពប្រជាជន លើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥ តាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោកវេជ្ជបណ្ឌិត តា កេស្ស៊ី នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២៦ ខែសីហា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាពេលកន្លងទៅនោះ ៕