សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


រាជធានីភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជួបសម្តែងការគួសម និងពិភាក្សាការងារ លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានឆ្លៀតឱកាសនោះ សូមគោរពស្វែងយល់អំពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន អំពីទី១-តួនាទីរបស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ទី២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ទី៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត និងទី៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេស ការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្ត មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត-១៩ បានផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គមមានដូចជា៖ ការបញ្ចេញកញ្ចប់ថវិកា និងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលនេះ គឺជាការធានាដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។ សិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ, យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោស និងជនបរទេស ដោយបានសម្រេចនូវអត្រាការចាក់វ៉ាកសាំងជាង ៩៤ភាគរយ នៃចំនួនប្រជាជនសរុប ។

សម្ដេចតេជោ បានបន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន ត្រូវបានអនុម័ត និងសម្រេចឲ្យប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ដែលច្បាប់ទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត ។ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលបង្កអំពើអស្ថេរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។

ពាក់ព័ន្ធនិងលំហស៊ីវិលប្រជាធិបតេយ្យ និងការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនិយាមនៃការអនុវត្តជាសកលលទ្ធិប្រជាធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនិងនាំទៅជាអាណាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជា ចង់ឲ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអ៊ុជអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេស មិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល, ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ កម្ពុជា បានរៀបចំការបោះឆ្នោតសកលចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ដង ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា៕ ប្រភព អត្ថបទនិង រូបភាព ៖ SPM PAEG