ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១.២៩៨គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌រួមពីកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ


នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ កស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ  កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន .២៩៨គ្រួសារ មកពីឃុំកោះអណ្តែត និងឃុំព្រែករំដេង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ពិធីនេះរៀបចំឡើងក្នុងបរិវេណវត្ត អម្ពវ័នសត្ថារាម ហៅវត្តស្វាយតានាន់ ស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្ត ផងដែរ

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តំណាងឱ្យកាកបាទក្រហកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ  ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំង ដែលបងប្អូនជនរួមជាតិទាំងអស់ កំពុងជួបគ្រោះទឹកជំនន់ និងរងផលប៉ះពាល់ទ្រព្យសម្បត្តិ និងផលដំណាំអស់ជាច្រើន បែបនេះ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងដើរតាមអនុវត្តបានប្រកបដោយការជឿជាក់ ក្នុងការបន្ត គាំទ្រសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មារធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការរក្សាឱ្យបាននូវ របបប្រជាធិបតេយ្យ និងគ្រប់ជ្រុងជ្រោយ ជាពិសេស សន្តិភាព សុវត្ថិភាព ឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ដោយឈរនៅលើយុទ្ធសាស្រ្ត បង្រួបបង្រួមជាតិ ដែលមាន វប្បធម៌សន្ទនា និងនយោបាយ ឈ្នះឈ្នះ ជាដើម ។ ទន្ទឹមជាមួយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះ សកម្មភាពមនុស្សធម៌ ដោយបំពេញបាននូវសកម្មភាពមនុស្សធម៌ របស់សមាគមន៍ជាតិ កាកបាទក្រហមកម្ពុជា សំដៅលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាពិសេស បំពេញបាននូវភារកិច្ច ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សជនឆ្នើមថ្នាក់ជាតិ នៃអគ្គលេខាធិការដ្ឋាន អង្គការសហប្រជាជាតិ ទទួលបន្ទុកសកម្មភាពរួម កាត់បន្ថយអត្រាស្លាប់ មាតា និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជាពិសេសលោកតែងតែឆ្លើយតប និងជួយសង្គ្រោះ ចំពោះ គ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម

ឆ្លៀតក្នុងឱកាស ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នោះដែរ ឯកឧត្តមឧប យឹម ឆៃលី និងគណៈប្រតិភូ បានអញ្ជើញយកទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ នាឱកាសពិធីបុណ្យកាន់បិណ្ឌទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តអម្ពវ័នសត្ថារាម នោះ ផងដែរ

សូមបញ្ជាក់ជារួមអំណោយ (មី ១កេស ត្រីខ ១០កំប៉ុង) ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនហើយនោះ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំង .២៩៨គ្រួសារ ក៏ទទួលបាននូវ អង្ករ ២៥គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានផ្តល់ជូនគ្រួសាររងគ្រោះទឹកជំនន់ទាំង .២៩៨គ្រួសារ ក្នុង១គ្រួសារ ថវិកា ១ម៉ឺនរៀល តាមរយៈឯកឧត្តម លូ គឹមឈុន ផងដែរ