នាវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ និងព្រួយបារម្ភខ្ពស់ អំពីសុខទុក្ខប្រជាកសិករដែលជាកូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា នៃព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្រ្តរងគ្រោះចំនួន ៥២៨គ្រួសារ នៅឃុំចំនួន៤ គឺ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង ឃុំទួលព្រះឃ្លាំង នឹងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំ សាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបានព្រះរាជទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៥២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល មណ្ឌលសុខភាពពាមកោះស្នា ឃីត ១កញ្ចប់ ចវិកា២០០,០០០៛ប៉េអឹមថវិកា៤០០,០០០៛ ប៉ូលីស ថវិកា៨០០,០០០៛ ទាហាន ថវិកា១៦០,០០០៛ ប្រជាការពារ ថវិកា៤០០,០០០៛។