ស្រុកបាធាយ៖នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកសិក្ខាសាលាស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ និងមន្រ្តីពាក់ព័ន្ធផងដែរ។
ក្រោយពីការពិនិត្យ តារាងបង្ហាញពីគម្រោងនិមួយៗ របស់ឃុំ ក្នុងស្រុកបាធាយ និងការធ្វើបទបង្ហាញរបស់លោកមេឃុំ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះលោក-លោកស្រី ដែលផ្តើមចេញពីការយកចិត្តទុកដាក់ទាំងប្រាជ្ញាស្មារតី និងការទទួលខុសត្រូវក្នុងការតាមដានឈ្វេងយល់ពីការធ្វើបទបង្ហាញស្តីពី គម្រោងជាអាទិភាព ដែលក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំបានលើកឡើងដើម្បីស្វែងរកការគាំទ្រ ពីបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជននានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការចូលរួមយ៉ាងសកម្មរបស់មន្ទីរ-អង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣- ២០២៥)នេះ បានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់។ ឯកឧត្តម បានបន្តទៀតថាតាមរបាយការណ៍របស់រដ្ឋបាលស្រុកបាធាយ បានបង្ហាញឲ្យឃើញថា សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) គឺមានភាពសកម្មមមាញឹក និងមានការចូលរួមបានយ៉ាងច្រើន ពីគ្រប់អ្នកពាក់ព័ន្ធហើយទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងសូមសំដែងនូវការអបអរសាទរចំពោះលទ្ធផលនាពេលនេះ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សប្បុរសជន លោក-លោកស្រីមេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មនេះ និងសូមថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគដែលបានសម្របសម្រួល រៀបចំសិក្ខាសាលានេះទទួលបានជោគជ័យ។