ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពិនិត្យមើល សកម្នភាពនៃការជួសជុល ស្ពានព្រែកអាចារ្យសួន


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមអមដំណើរជាមួយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអញ្ជើញពិនិត្យសកម្មភាព នៃការជួសជុល ស្ពានព្រែកអាចារ្យសួន ស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីការរលំសរសរ ១ ដើម នៃស្ពានខាងលើ ក្រុមជំនាញបច្ចេកទេស បានសម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន ២ជួរ កម្ពស់ ១ជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដើម្បី ពង្រឹងស្ពានឲ្យចរាចរបណ្តោះអាសន្ន ក្នុងរដូវទឹកជំនន់នេះ ដោយប្រើដែកប៉ាណូចំនួន ៣៦ផ្ទាំង ត្រង់កន្លែងសរសររលំ នោះ ។ បច្ចុប្បន្ននេះ មន្ត្រីជំនាញបញបច្ចេកទេស កំពុងរៀបចំប៉ាណូនោះ ឡើងវិញ  ដែលសម្រេចបានប៉ាណូ បានចំនួន ៤ផ្ទាំង ហើយ ។

គួរកត់សម្គាល់ថា ស្ពាន ១កន្លែង នេះ បានកសាងឡើង នាឆ្នាំ ១៩៩៣ បានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដោយទឹកហូរ ធ្វើឲ្យរលំសរសរ ១ដើម ត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង ៦-៣០នាទី ថ្ងៃទី០៦ កញ្ញា កន្លងទៅ ។ ស្ពាននេះ តភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាចររបស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះកាន់ស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ផងដែរ ៕ សារ៉ាត