ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម នួន ដាញ៉ិល រដ្ឋលេខាធិការ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ដោយសារតែស្ពានដែកហាន់ជ័យចាស់បានសាងសង់ឡើងកាលពីឆ្នាំ ២០០០ មក មានសភាពទ្រុឌទ្រោមខ្លាំងមិនអាចឲ្យរថយន្តធុនធំឆ្លងកាត់បាន ក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើសុំគោលការណ៍ពីសម្ដេចតេជោ នាយករដ្ឋមន្រ្ដី ដើម្បីបានសាងសង់ស្ពានបេតុងថ្មីប្រវែង ១២៦ ម៉ែត្រ ទទឹង ១០ ម៉ែត្រ កំពស់អតិប្បរិមា ១២,៦០ ម៉ែត្រ និងស្ថាបនាផ្លូវបេតុងប្រវែង ៥៣០ ម៉ែត្រ ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ សំណង់ស្ពាននេះបានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ ២០១៩ ដោយប្រើប្រាស់ថវិកាជាតិ ជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨។ រហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៤៥% ហើយ ហើយគ្រោងនឹងសាងសង់ឲ្យរួចរាល់នៅអំឡុងចុងឆ្នាំ ២០១៩ ខាងមុខនេះ។ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ស្ពាននេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន គឺជាអាទិភាពមិនអាចខ្វះបានក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយនេះក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងគ្រប់គ្រងផ្លូវជនបទប្រមាណជាង ៤ ម៉ឺន គីឡូម៉ែត្រ ហើយផ្លូវមួយចំនួនត្រូវបានធ្វើការកែលម្អជាបណ្ដើរៗពីផ្លូវក្រាលក្រួស ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងជាផ្លូវបេតុង ចំពោះតំបន់ណាដែលលិចទឹក ដើម្បីបង្កលក្ខណងាយស្រួលដល់ការធ្វើចរាចរណ៍ក៏ដូចជាការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង។ស្ពានបេតុងហាន់ជ័យត្រូវបានចាត់ទុកថា ជាស្ពានដែលវែង ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីស្ពានបេតុងនៅស្រុកពោធិរៀង ខេត្តព្រៃវែង និងស្ពានក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ស្ពាននេះមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ព្រោះបានតភ្ជាប់ចរាចរណ៍ពីភូមិមួយទៅភូមិមួយទៀត និងពីតំបន់មួយទៅតំបន់មួយទៀតធ្វើការផ្លាស់ប្ដូរទំនិញទៅកាន់ទីផ្សារបានទាន់ពេលវេលា និងបង្កើនប្រាក់ចំណូលគ្រួសារ ជាពិសេស ងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន និងបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅទទួលសេវាសាធារណៈបានទាន់ពេលវេលា និងសន្សំសំចៃថវិកាទៀតផង។
I
ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ស្ពាននេះឲ្យបានល្អ និងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងតាមលក្ខណៈបច្ចេកទេសដើម្បីធានាទាំងគុណភាព និងសោភ័ណ្ឌភាព ៕